មាស សាលី វិល​វិញ ក្នុង​ស្ថាន​ភាព​មិន​សូវ​ស្រួល ក្នុង​ផលិតកម្ម​សាន់​ដេ

ភ្នំពេញ)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ សម្រាប់តារាចម្រៀងធ្លាប់មានឈ្មោះល្បី លោក មាស សាលី បានបង្ហាញវត្តមានឡើងវិញ បន្ទាប់ពីបាត់មុខអស់រយៈពេលមួយខ្យល់ធំ មិនដឹងទៅណា ធ្វើឲ្យអ្នកគាំទ្រលោកចង់ដឹងយ៉ាងអន្ទះសារ។ ប៉ុន្តែស្របពេលជាមួយនឹង ការបង្ហាញខ្លួនក្នុងសង្វៀនសិល្បៈវិញនេះ តារាចម្រៀង មាស សាលី ក៏កំពុងធំក្លិនចំហាយមិនស្រួលផងដែរ ក្នុងផលិតកម្មរបស់ខ្លួន ពោលគឺផលិតកម្ម សាន់ដេ ខណៈដែលតារារូបនេះ កំពុងតែពិចារណាថា ត្រូវដើរចេញ ឬនៅបន្ត។
គេនៅចាំបានថា ថ្មីៗនេះ សម្រាប់ផលិតកម្ម សាន់ដេ កំពុងតែមានរឿងក្ដៅហុយៗ ជាមួយនឹងតារាចម្រៀង ឃីន ស្រីនាថ ហៅ អ៊ីវ៉ា បន្ទាប់ពីនាងគំរាមដើរចេញ ដោយអះអាងថា ផលិតកម្ម បានទុកនាងចោល មិនខ្ចីអើពើរយៈពេលជាងពីរឆ្នាំមកហើយ។ ដោយឡែកនៅពេលនេះ ក៏បានផ្ទុះដំណឹងមិនស្រួល ជាមួយនឹងតារាចម្រៀងប្រុស លោក មាស សាលី វិញម្ដង ខណៈដែលតារាចម្រៀងរូបនេះ ក៏អះអាងមិនខុសពី កញ្ញា អ៊ីវ៉ា ដែរ ពោលគឺមានភាគរយដើរចេញ ច្រើនជាងនៅបន្ត ក្នុងផលិតកម្ម សាន់ដេ។
ថ្លែងប្រាប់គេហទំព័រ Khmertalking ដោយផ្ទាល់ ម្ចាស់បទ «អង្គរក្សបេះដូង» លោក មាស សាលី បានប្រាប់ឲ្យដឹងថា រយៈកាលនៃការបាត់មុខពីសិល្បៈដ៏យូរគួរសមនេះ ដោយសារតែលោកចេញទៅក្រៅប្រទេស ក្នុងន័យទៅសម្ដែងផង និងទៅដើរលេងកម្សាន្ត ឲ្យល្ហែល្ហើយខួរក្បាលផង ខណៈដែលការងារសិល្បៈនៅក្នុងផលិតកម្ម សាន់ដេ ក៏មិនសូវមានច្រើនដូចមុន ព្រោះតែលោកបានផុតកុងត្រា (កិច្ចសន្យា) ជាមួយផលិតកម្មនេះ ទៅហើយ។
មាស សាលី បន្តថា ពេលដែលលោកផុតកិច្ចសន្យា ជាមួយផលិតកម្ម លោកហាក់មានអារម្មណ៍ស្រស់ថ្លា និងរីករាយជាងមុន ព្រោះតែលោកអាចធ្វើអ្វីៗបានដោយចិត្តឯង មិនចាំបានមានការបញ្ជា និងធ្វើតាមនរណាមួយប្រាប់នោះទេ ហើយលោកក៏មិនចង់រស់នៅ ក្នុងស្ថានភាពបែបនេះទៀតដែរ។ ពេលនិយាយដល់ចំណុចនេះ សម្ដីរបស់តារាចម្រៀង មាស សាលី ហាក់បង្ហាញន័យយ៉ាងច្បាស់ក្រឡែតថា លោកនឹងដើរចេញពីផលិតកម្ម សាន់ដេរ យ៉ាងពិតប្រាកដ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
មាស សាលី និយាយថា «បាទ.! ចំណុចនេះ គឺនៅត្រង់ថា ខ្ញុំត្រូវនៅក្នុងផលិតកម្មដដែល ឬត្រូវដើរចេញ គឺខ្ញុំកំពុងពិចារណា ប៉ុន្តែក្នុងចិត្តខ្ញុំនិយាយឲ្យអស់ចុះ គឺ៨០% ដែលខ្ញុំត្រូវដើរចេញ និងមានតែ២០%ប៉ុណ្ណោះ ដែលខ្ញុំត្រូវពិចារណានៅបន្ត !»។
ពេលមានសំណួរថា តើមូលហេតុអ្វីបានជាលោក មាស សាលី ចង់ដើរចេញពីផលិតកម្ម សាន់ដេ ដែលជាទ្រនំធ្វើឲ្យលោកល្បីឈ្មោះដល់សព្វថ្ងៃ? មាស សាលី បានឆ្លើយថា លោកចង់ទុកឱកាសឲ្យក្មេងៗជំនាន់ក្រោយ បានសាងកេរ្តិ៍ឈ្មោះម្ដង ព្រោះលោកជាតារាចម្រៀងរលកមុន ដូច្នេះរលកក្រោយត្រូវតែច្រានរលកមុន ហើយលោកក៏គិតថា រូបលោកហាក់ដូចជា ដល់ច្រាំងហើយដែរ។
ប៉ុន្តែមូលហេតុទាំងអស់នេះ ដូចជាមិនសូវគ្រប់ជ្រុងជ្រោយ រហូតដល់ថ្នាក់ឲ្យលោកសម្រេចចិត្ត ដើរចេញពីសាន់ដេ នោះទេ ខណៈដែលមូលហេតុចំបងមួយទៀត ត្រូវបានគេទម្លាយថា លោក មាស សាលី មានការអាក់អន់ស្រពន់ចិត្តខ្លះៗ ជាមួយនឹងម្ចាស់ផលិតកម្ម សាន់ដេ ពោលគឺមិនខុស ពីតារាចម្រៀងអ៊ីវ៉ា នោះទេ ទើបលោកត្រូវជ្រើសរើសផ្លូវមួយ ដែលពោរពេញទៅដោយ សេរីភាពសម្រាប់ខ្លួនឯង ដើម្បីបន្តកេរ្តិ៍ឈ្មោះក្នុងសង្វៀនសិល្បៈ ឲ្យកាន់តែរឹងមាំ៕




No comments