ក្តៅៗ! ម៉ាឡេស៊ី​នឹង «ប្រគល់​សព​ លោក គីម ជុងណាំ ឱ្យ​ទៅ​ទីក្រុង​ព្យុងយ៉ាង​វិញ» ជា​ថ្នូរ​នឹង​ការដោះលែង​ប្រជាជន​ម៉ាឡេស៊ី?

សេអ៊ូល)៖ ម៉ាឡេស៊ីបានព្រមព្រៀងប្រគល់សាកសពបងប្រុសម្ដាយទីទៃលោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ទៅឱ្យទីក្រុងព្យុងយ៉ាងវិញ ដើម្បីជាថ្នូរនឹងការដោះលែងជនជាតិម៉ាឡេស៊ី ដែលកំពុងជាប់គាំងនៅក្នុងប្រទេសកូរ៉េខាងជើង។ នេះបើតាមសារព័ត៌មាន China Press ដកស្រង់ដោយទីភ្នាក់ងារយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។

ប្រភពដដែលបានបញ្ជាក់ទៀតថា ទីក្រុងគូឡាឡាំពួក៏បានយល់ព្រមផងដែរ ក្នុងការអនុញ្ញាតឱ្យជនសង្ស័យកូរ៉េខាងជើង ០៣នាក់ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលោក គីម ជុងណាំ ចាកចេញពីម៉ាឡេស៊ី ដែលនេះនឹងអាចនឹងបន្ធូរបន្ថយ ភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលម៉ាឡេស៊ីពុំទាន់ចេញ សេចក្ដីថ្លែងការណ៍ជាផ្លូវការនៅឡើយទេ ជុំវិញព័ត៌មាននេះ។
គួរបញ្ជាក់ថា បើតាមប៉ូលិសម៉ាឡេស៊ី លោក គីម ជុងណាំ ត្រូវបានឃាតករស្រី ០២នាក់ សម្លាប់ដោយប្រើសារធាតុគីមីពុល VX នៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ម្យ៉ាងវិញទៀត ដោយសារតែរឿងឃាតកម្មនេះដែរ ម៉ាឡេស៊ី និងកូរ៉េខាងជើងបានចោទប្រកាន់ ក៏ដូចជាចាត់វិធានការសងសឹកដាក់គ្នាទៅវិញទៅមក ក្នុងនោះរួមមានទាំងការបណ្ដេញអគ្គរដ្ឋទូត និងការហាមឃាត់ប្រជាជនចាកចេញពីប្រទេសរៀងៗខ្លួន រហូតដល់សំណុំរឿងនេះត្រូវបានដោះស្រាយ៕

No comments