ដោយសារគីមី! វៀតណាម «សន្យាបង្កើនសុវត្ថិភាព សាច់ បន្លែ និងផ្លែឈើ» ឆ្លើយតបនឹងការអស់ជំនឿពីប្រជាជនខ្លួនឯង ព្រោះតែសារធាតុគីមីគ្រោះថ្នាក់!
(ហាណូយ)៖ ស្របពេលដែលវៀតណាមបាននិងកំពុងចំណាយប្រាក់យ៉ាងច្រើន លើការនាំចូលបន្លែ ក៏ដូចជាផ្លែឈើដ៏ច្រើនសន្ធឹកសន្ធាប់ ពីបរទេសជាពិសេសចិន និងថៃ ពីព្រោះតែប្រជាពលរដ្ឋបានបាត់បង់ ទំនុកចិត្តលើផលិតផលបន្លែ-ផ្លែឈើ ក៏ដូចជាសាច់នៅប្រទេសរបស់ខ្លួន ដោយសារការប្រើប្រាស់សារធាតុ គីមីគ្រោះថ្នាក់ក្នុងកម្រិតដ៏ច្រើនលើសលប់ រហូតអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពអ្នកបរិភោគនោះ នាពេលថ្មីៗនេះ ទីក្រុងហាណូយក៏បានចាប់ផ្តើមរៀបចំផែនការ សំដៅធ្វើយ៉ាងណាធានាការផ្គត់ផ្គង់នៃបន្លែ និងសាច់នៅក្នុងស្រុកដែលមានសុវត្ថិភាព សម្រាប់ទីក្រុងផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានវៀតណាម Vietnam Net នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
ប្រទេសវៀតណាមបានកាន់តែចំណាយលុយច្រើនឡើងៗបន្ថែមទៀត ពោលគឺដល់ទៅចំនួនប្រហែល ១៦៤លានដុល្លារអាមេរិក ទៅលើបន្លែ និងផ្លែឈើដែលធ្វើការនាំចូលពីក្រៅប្រទេស នៅក្នុងរយៈពេលតែពីរខែដំបូងនៃឆ្នាំ២០១៧នេះប៉ុណ្ណោះ ហើយចំនួននេះបានកើនឡើងដល់ទៅ ៥៥ភាគរយ បើធៀបនឹងពេលដូចគ្នានៅឆ្នាំ២០១៦។ គេសង្កេតឃើញថា ប្រជាជនវៀតណាមពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានទំនោរទៅរកបន្លែ-ផ្លែឈើ ដែលនាំចូលពីបរទេស ជាពិសេសចិននិងថៃតែម្តង ជាជាងការទិញផលិតក្នុងស្រុករបស់ខ្លួន ពីព្រោះតែបញ្ហានៃការប្រើប្រាស់ ថ្នាំគីមីច្រើនលើសលប់ហួសកំណត់ ដោយហេតុតែចង់បានផលចំណេញច្រើន រហូតភ្លេចគិតគូរពីផលប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ។
ទោះបីជាមានឈ្មោះថា ជាប្រទេសដើរដោយវិស័យឧស្សាហកម្មយ៉ាងណាក្តី វៀតណាមបានបង្កើនការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើការនាំចូលបន្លែព្រមទាំងផ្លែឈើ។ តួយ៉ាងកាលពីឆ្នាំ២០១៦ ប្រទេសអាស៊ានមួយនេះបានចាយលុយប្រមាណ ៩២៥លានដុល្លារសហរដ្ឋអាមេរិក លើផលិតផលទាំងនេះ ដោយវាបានកើនជិត ៥០ភាគរយ ធៀបនឹងឆ្នាំ២០១៥។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនផ្នែកសុខាភិបាលវៀតណាម ក៏បានប្រកាសប្រមូលសាច់ជ្រូក ក្នុងស្រុកជាច្រើនពីទីផ្សារផងដែរ បន្ទាប់ពីបានរកឃើញថា មានផ្ទុកមេរោគម៉្យាងដ៏គ្រោះថ្នាក់៕



Post a Comment