កូឡុំប៊ីជួបគ្រោះបាក់ដីជាថ្មីឆក់យកជីវិតមនុស្ស ១៧នាក់ និងបាត់ខ្លួនជាច្រើន
យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់បានស្លាប់ និង ៧នាក់កំពុងបាត់ខ្លួនបន្ទាប់ពីមានហេតុការណ៍រអិលបាក់ដីដ៏ខ្លាំងក្លាមួយនៅសង្កាត់ជាច្រើនក្នុងទីក្រុង Manizales ប្រទេសកូឡុំប៊ី កាលពីថ្ងៃពុធម្សិលមិញ។
គ្រោះធម្មជាតិកំណាចខាងលើបានកើតឡើងចំនួន ២ដងហើយក្នុងរយៈពេលតែមួយខែនេះ។ មូលហេតុនាំឲ្យបាក់ដី គឺដោយសារមានភ្លៀងធ្លាក់ខ្លាំងច្រើនម៉ោង និងបណ្ដាលឲ្យផ្ទះតូចៗសង់តាមជម្រាលភ្នំ Andes ក្នុងក្រុង ត្រូវបាក់ធ្លាក់ចុះក្រោម សង្កត់ផ្ទះជាច្រើនទៀត។
លោកប្រធានាធិបតី Juan Manuel Santos បានចុះទៅដល់កន្លែងកើតហេតុ រួចមានប្រសាសន៍ថា "យើងកំពុងប្រឹងប្រឹងតាមស្វែងរកពលរដ្ឋបាត់ខ្លួន ហើយចំនួនអ្នកទាំងនោះនឹងកើនឡើង។" ចំណែកកាលពីដើមខែមេសានៅទីក្រុង Mocoa ធ្លាប់កើតគ្រោះបាក់ដីស្លាប់មនុស្ស ៣២០នាក់ និងរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង។
បើយោងទៅតាមសារព័ត៌មានក្នុងស្រុករាយការណ៍ថា ផ្ទះយ៉ាងតិច ៥៧ខ្នងបានខូចខាតក្រោយភ្លៀងត្រឹមតែមួយយប់។ គួររម្លឹកថា ប្រទេសកូឡុំប៊ីជួបគ្រោះមហន្តរាយបាក់ដីធ្ងន់ធ្ងរជាងគេបំផុត គឺក្នុងឆ្នាំ ១៩៨៥ ដោយមានអ្នកស្លាប់ជាង ២០ ០០០នាក់៕




Post a Comment