ការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​ នឹង​ត្រូវ​ប្រគល់​រង្វាន់ ១ ម៉ឺន​ដុល្លារ



ភ្នំពេញៈ លោក កែ គឹម​យ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កាល​ពី​ម្សិលមិញ​​បាន​ប្រកាស​ផ្តល់​រង្វាន់​ ១ ម៉ឺន​ដុល្លារ ដល់​មន្រ្តី​នគរបាល​ចំពោះ​ការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ ខណៈ​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​នេះ​គឺ​លោក មាស វីរិទ្ធ ថា រង្វាន់​ធ្លាប់​បាន​ផ្តល់​ឲ្យ​មន្ត្រី​បី​ករណី​មក​ហើយ។

លោក វីរិទ្ធ បាន​ថ្លែង​ថា៖ «យើង​ចង់​ប្រកាស​ថា ​ពួកគេ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់» ដោយ​លោក​ពន្យល់​ថា អាជ្ញាធរ​សង្ឃឹម​ថា ការ​ប្រកាស​នេះ​នឹង​លើក​ទឹក​ចិត្ត​ដល់​មន្រ្តី​ដទៃៗ​ទៀត​ផងដែរ។

លោក កែ គឹម​យ៉ាន ត្រូវ​បានដក​ស្រង់​​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ Fresh News ​ថា​៖ «​​មន្រ្តី​ដែល​ចាប់​​បាន​​គ្រឿង​ញៀន​​ ១ ​គីឡូ​ទទួល​បាន​រង្វាន់ ​១០ ​ពាន់​ដុល្លារ​​ជា​ផ្នែក​នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន»។

រង្វាន់នេះ​ត្រូវ​ផ្តល់ឲ្យ​ដោយ​ថវិកា​ជាតិ​ព្រម​ទាំង​​ទ្រព្យ​សម្បត្តិ​ដែល​រឹប​អូស​បាន​ពី​ឈ្មួញ។

លោក រីរិទ្ធ ​បាន​ច្រាន​ចោល​​ការ​លើក​ឡើង​ដែល​ថា ​ការ​ផ្តល់​រង្វាន់​អាច​​នាំ​ឲ្យ​មាន​អំពើ​ពុក​រលួយ។

លោក រីរិទ្ធ បន្ថែម​ថា​៖ «​​វា​មិន​មែន​មាន​ន័យ​ថា ពួក​គេ​ចាប់​ខ្លួន​ពួក​គេ​​​ហើយ​ប្រមូល​​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​ខ្លួន​ឯង​​ទេ​។ ​វា​ជា​រង្វាន់​តាម​មាត្រា​៩៧​នៃ​ច្បាប់​ស្តីពី​គ្រឿង​ញៀន​»។

លោក David Harding អ្នក​ជំនាញ​ឯករាជ្យ​ខាង​គ្រឿង​ញៀន បាន​ថ្លែង​ថា លោក​សង្ស័យ​​ការ​ផ្តល់​រង្វាន់​នេះ​នឹង​នាំ​ឲ្យ​មាន​អំពើ​ពុករលួយ​ ប៉ុន្តែ​បាន​ថ្លែងថា​​វា​មិន​ទំនង​ជា​ធ្វើ​ឲ្យ​រារាំង​ដល់ «សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន» ទេ។

លោក​បន្ត​ថា៖ «វា​បង្ហាញ​ថា ពួកគេ​មិន​ចាំ​បាច់​ធ្វើ​ការ​ខ្លួន​ឲ្យល្អ» ហើយ​កិច្ច​ខិត​ខំ​គួរ​ផ្តោត​លើ​ការ​ចាប់​ខ្លួន​ «មេ​ខ្លោង​សំខាន់​បំផុត»។

លោក​​ថា​៖ «​​អ្នកកាន់គ្រឿង​ញៀន​​មិនមែន​ជា​​អ្នក​ដែល​អ្នក​ត្រូវ​ការ​ចាប់​ទេ...​ពួក​គេ​គ្រាន់​តែ​ជា​អ្នក​រត់​ពន្ធ​ អ្នក​​តូច​តាច»។

តាម​របាយ​ការណ៍​នគរបាល​ពីម្សិល​មិញ​​ថា​​ មាន​ការបង្ក្រាប​គ្រឿង​ញៀន​ចំនួន​ ២ ៦៤២ ​ករណី​​ និង​ចាប់​មនុស្ស​បាន​ចំនួន​ ៥ ៩៩៧ ​នាក់​នៅ​ដើម​ឆ្នាំនេះ៕ PS ​

No comments